១. នេះសូមថ្លាថ្លែង សូមលើកជាក់ស្ដែង តែងរឿងអ្នកក្រ
រស់នៅលំបាក តោកយ៉ាកត្រដរ មានអាក្រក់ល្អ
ក្នុងឆាកជីវិត។
២. អ្នកខ្លះយ៉ាប់កាយ ទុក្ខសោកយ៉ាប់ស្រាយ ដូចយប់ងងឹត
បាំងបាត់រស្មី លោកិយក្រៀមស្វិត ហាក់ទួញខ្លោចចិត្ដ
អាណិតអ្នកក្រ។
៣. ខ្លះមានរូបកាយ ស្គមស្វិតខ្វល់ខ្វាយ សាច់ខ្មៅមិនស
កូនច្រើនរហង់ ត្រាច់ត្រង់អង្វរ រកអ្នកចិត្ដល្អ
ផ្ដល់ក្ដីមេត្ដា។
៤. ខ្លះប៉ះអ្នកបុណ្យ ទុក្ខសោកជាប់កុន ហាក់ប្រែស្រស់ថ្លា
តែកម្មកោងកាច ប្រែអាចខ្លោចផ្សា ប៉ះជនចិត្ដខ្លា
បានត្រឹមទឹកភ្នែក។
៥. ខ្លះរស់វេទនា លំបាកគ្រប់គ្រា ទុក្ខព្រួយបែកមែក
ផ្ទះខ្ទមកំសត់ ជូរចត់ទឹកភ្នែក ឃើញគួរសង្វេក
គួរអាសូរក្រៃ។
៦. ជញ្ជាំងលំហ ដំបូលលម្អ ផ្កាយរះយប់ថ្ងៃ
ទ្វាស្វ័យប្រវត្ដិ យ៉ាប់ឃាត់ជើងដៃ មិនបាច់រុញវ៉ៃ
ចូលដោយងាយស្រួល។
៧. ស្ដីពីម្ហូបបាយ ដណ្ដើមប្រញ៉ាយ ហូបទាំងក្ដុកក្ដួល
ទោះចង់មិនចង់ ដួសស្រង់ទទួល ម្ហូបឥតប្រែប្រួល
បន្លែក្រោយផ្ទះ។
៨. ស្រីសាច់ស្ដើងស្ដួច ហូបចុកលាក់លួច ខ្លាចគេប្រទះ
ឃើញម្ហូបឯងឆ្ងាញ់ ក្នក់ក្នាញ់រូតរះ ត្រឡប់ទៅផ្ទះ
មិនហ៊ានមកក្បែរ។
៩. រឿងមានជាក់ស្ដែង មិនមែនកំប្លែង មានច្រើនហូរហែ
ទីក្រុងជនបទ ជូរចត់ឥតល្ហែ ពាសពេញស្រុកខ្មែរ
ខ្លះយ៉ាប់ឥតត្រើយ។
១០. បើមិនជឿចិត្ដ អាចជួយពិនិត្យ សង្កេតឱ្យហើយ
បើទៅទីណា មេត្ដាឆ្លងឆ្លើយ សួរអ្នកក្សត់ខ្សោយ
លំបាកយ៉ាងណា។
នៅស្ទឹងត្រែងៈសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០១០ (៩:១៥ នាទីព្រឹក)
តែងដោយៈលោក លីម ចំរើន ទូរស័ព្ទលេខៈ០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១
Email:limchamroeun@yahoo.com